អង្គការសហគមន៍មូលដ្ឋាន (CBO)
អង្គការសហគមន៍មូលដ្ឋានបានកើនឡើងច្រើន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នៅកម្ពុជាមានអង្គការសហគមន៍មូលដ្ឋាន ប្រមាណជាង ២៥,០០០ (ពីរម៉ឺនប្រាំពាន់) ដែលកំពុងបំពេញការងារតាមវិស័យនានានៅតាមមូលដ្ឋានរបស់ខ្លួន មានដូចជាផ្នែកបរិស្ថាន ផ្នែកសេវាកម្ម ផ្នែកសិទ្ធិមនុស្ស និងផ្នែកលទ្ធិប្រជាធិបតេយ្យ។
កិច្ចការជាយុទ្ធសាស្ត្រក្នុងវិស័យអង្គការសង្គមស៊ីវិល ជាពិសេសអង្គការមិនមែនរដ្ឋាភិបាល គឺពង្រឹងសង្គមស៊ីវិលថ្នាក់ក្រោមជាតិ។ នេះជាមធ្យោបាយដ៏មានសារៈសំខាន់ក្នុងការពង្រឹងអង្គការសហគមន៍មូលដ្ឋាន និងការតស៊ូមតិដើម្បីធ្វើអោយប្រសើរឡើងនូវបរិយាកាសអំណោយផល។ ជាទូទៅ អង្គការសហគមន៍មូលដ្ឋានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាជាក់លាក់ណាមួយនៅក្នុងតំបន់ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹង និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍ និងដំណើរការវិមជ្ឈការ និងវិសហមជ្ឈការ។
បញ្ហាប្រឈមសំខាន់ៗក្នុងការពង្រឹងអង្គការមិនមែនរដ្ឋាភិបាលក៏ជាបញ្ហាដែលប៉ះពាល់ទៅលើការរីកលូតលាស់ ការអភិវឌ្ឍ និងប្រសិទ្ធភាពរបស់អង្គការសហគមន៍មូលដ្ឋានដែរ។ អង្គការសហគមន៍មូលដ្ឋាន (សកម្ម) មួយចំនួនដែលទើបតែបង្កើត និងសមត្ថភាពមានកម្រិតខាងផ្នែកប្រតិបត្តិ និងអភិវឌ្ឍរបស់អង្គការ ប្រឈមនឹង៖
- ជាទូទៅពួកគាត់មានចំណេះដឹង និងជំនាញមានកម្រិតខាងផ្នែក ភាពជាអ្នកដឹកនាំ ការអភិវឌ្ឍគោលនយោបាយ ការគ្រប់គ្រងគម្រោង និងការគ្រប់គ្រងហិរញ្ញវត្ថុ កិច្ចការរដ្ឋបាល ការទុកដាក់ឯកសារ និងការកៀរគរធនធាន
- ការបង្កើត និងការគ្រប់គ្រងគណៈកម្មការរបស់អង្គការសហគមន៍មូលដ្ឋាននៅខ្សោយ និងមិនគ្រប់គ្រាន់
- មានសមត្ថភាពខ្សោយក្នុងការទំនាក់ទំនង និងចងក្រងបណ្ដាញ ទាំងខាងក្នុង និងខាងក្រៅ
- ការកសាងសមត្ថភាពរបស់អង្គការសហគមន៍មូលដ្ឋានមានការលំបាកដោយសមាជិកមួយចំនួនខ្វះខាតចំណេះវិជ្ជាក្នុងការធ្វើការ
លើសពីនេះទៅទៀត អង្គការសហគមន៍មូលដ្ឋាន ដែលសកម្មមួយចំនួនធំនាពេលបច្ចុប្បន្ន ត្រូវបានបង្កើត និងគាំទ្រដោយអង្គការមិនមែនរដ្ឋាភិបាល ដែលពួកគាត់ទាំងនោះក៏អាចនឹងខ្វះខាតគម្រូ និងជំនាញ ដើម្បីពង្រឹងអង្គការសហគមន៍មូលដ្ឋាន។ ហើយក៏មានបញ្ហាមួយចំនួនដែលអង្គការសហគមន៍មូលដ្ឋាន (ដែលមានសក្ដានុពល) ត្រូវប្រកួតប្រជែង ដើម្បីមូលនិធិជាមួយអង្គការមិនមែនរដ្ឋាភិបាល។ ការខ្វះខាតរបស់អង្គការមិនមែនរដ្ឋាភិបាលផ្នែកគម្រូ និងបទពិសោធន៍នៅក្នុងការរៀបចំ បង្រួបបង្រួម ពង្រីក និងពង្រឹងអង្គការសហគមន៍មូលដ្ឋានអាចលទ្ធផលមកពី៖
- ទំនុកចិត្ត និងសាមគ្គីភាពខ្សោយក្នុងចំណោមសមាជិករបស់អង្គការសហគមន៍មូលដ្ឋាន
- កង្វះខាតទំនុកចិត្ត និងសាមគ្គីភាពជាមួយស្ថាប័នដែលពាក់ព័ន្ធទាំងខាងក្នុង និងខាងក្រៅ
- កង្វះខាតការចូលរួម និងការប្ដេជ្ញាចិត្តពីសំណាក់សមាជិករបស់អង្គការសហគមន៍មូលដ្ឋាន និងស្ថាប័នដែលពាក់ព័ន្ធ
- ពឹងផ្អែកទៅលើសកម្មភាព/ការផ្ដួចផ្ដើមគំនិត និងការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាល
នៅឆ្នាំ ២០១៦ អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាបានសម្របសម្រួលបង្កើតគោលការណ៍ស្ដីពីការប្រតិបត្តិល្អសម្រាប់អង្គការសហគមន៍មូលដ្ឋាន។ គោលការណ៍នេះស្ថិតនៅក្នុងដំណើរការព្រាងឯកសារ ហើយនឹងបោះពុម្ពនៅចុងឆ្នាំ២០១៦។ តាមរយៈការផ្តល់មតិត្រលប់ពីអង្គការសហគមន៍មូលដ្ឋានបានបញ្ជាក់ថា ពួកគាត់ត្រូវការណែនាំទៅលើគោលការណ៍ ការកសាងសមត្ថភាព ចំនេះដឹងខាងការគ្រប់គ្រង និងធនធានដទៃទៀតដែលអាចឲ្យពួកគាត់ប្រសើរជាងមុននូវ អភិបាលកិច្ច ការគ្រប់គ្រង និងធ្វើឲ្យពួកគាត់មាននិរន្តភាព។ ហើយសំខាន់ជាងនេះ ពួកគាត់អាចកំនត់នូវតម្រូវការដែលសហគមន៍ត្រូវការ ក៏ដូចជាលទ្ធិប្រជាធិបតេយ្យ ដែលចាក់ឬសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជា។