យើងជានរណា?

ទិដ្ឋភាពទូទៅ

អង្គការ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.) គឺជាអង្គការសមាជិកភាពឈានមុខសម្រាប់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេសនៅក្នុងប្រទេសកម្ពុជា។ អង្គការ គ.ស.ក. មានសមាជិក២០០ អង្គការ ដែលធ្វើការងារអភិវឌ្ឍលើវិស័យផ្សេងៗ។ គ.ស.ក. បានដើរតួនាទីជាពិសេសក្នុងនាមជាអ្នកសម្របសម្រួល អ្នកឃ្លាំមើល និងអ្នកតស៊ូមតិ ដើម្បីបរិយាកាសអំណោយផល និងមជ្ឈមណ្ឌលធនធានប្រកបដោយនិរន្តរភាពសម្រាប់អង្គការសង្គមស៊ីវិលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទស្សនវិស័យ

ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជា

បេសកកម្ម

ក្នុងនាមជាអង្គការសមាជិកភាព គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ធ្វើការក្នុងភាពជាដៃគូដើម្បី អភិបាលកិច្ចល្អ បរិយាកាសអំណោយផល និងនិរន្តរភាពនៃអង្គការសង្គមស៊ីវិលនៅកម្ពុជា

គោលដៅ

ពង្រឹងអង្គការសង្គមស៊ីវិល ដោយផ្តល់អោយពួកគេនូវបរិយាកាសអំណោយផល និងលំហរប្រជាធិបតេយ្យ

គុណតម្លៃ

  • សុចរិតភាព
  • ភាពឆ្លើយតប
  • កិច្ចសហប្រតិបត្តិការ
  • គុណភាព
  • បរិយាប័ន្ន

 

សារពីលោក ច័ន្ទ ភក្តី នាយកប្រតិបត្តិ

សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)។

អស់រយៈពេលជាងបីទសវត្សរ៍មកហើយ អង្គការ គ.ស.ក បានដើរតួនាទីជាវេទិកាសមាជិកភាពដែលគួរឱ្យទុកចិត្ត តំណាងឱ្យអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ គេហទំព័ររបស់យើងបម្រើជាបណ្តុំព័ត៌មានប្រកប ដោយការទទួលខុសត្រូវ តម្លាភាព និងចុងក្រោយបំផុតអំពីកម្មវិធីរបស់អង្គការ គ.ស.ក អង្គការសមាជិក និងទិដ្ឋភាពទូទៅរបស់សង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។

តាមរយៈគេហទំព័រនេះ យើងមានសេចក្តីរីករាយក្នុងការបង្ហាញសកម្មភាពស្នូលនៃកម្មវិធីមជ្ឈមណ្ឌលអភិបាលកិច្ច (GHP) របស់អង្គការ គ.ស.ក ដែលបច្ចុប្បន្ននេះចូលដល់ដំណាក់កាលទីប្រាំហើយ (២០២៤-២០២៨)។ ទាំងនេះរួមមាន ឧបករណ៍និងប្រព័ន្ធសម្រាប់អភិបាលកិច្ច  ការកសាងសមត្ថភាព និងការរៀនសូត្រ មជ្ឈមណ្ឌលធនធានសម្រាប់អង្គការសង្គមស៊ីវិល ការស្រាវជ្រាវ ការចូលរួមពហុភាគី  ភាពជាដៃគូប្រកបដោយបរិយាបន្ន យុទ្ធនាការ និងការតស៊ូមតិ ព្រមទាំងបច្ចេកវិទ្យា និងភាពច្នៃប្រឌិត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អង្គការ គ.ស.ក ក្នុងការពង្រឹងអង្គការសង្គមស៊ីវិល និងលើកកម្ពស់បរិយាកាសអំណោយផល និងការអភិវឌ្ឍប្រកបដោយចីរភាព។

ខ្ញុំជឿជាក់ថាព័ត៌មានដែលបានចែករំលែកនៅលើគេហទំព័រនេះនឹងមានប្រយោជន៍សម្រាប់ការសម្រេចចិត្តប្រកបដោយព័ត៌មានគ្រប់គ្រាន់ ជួយដល់ការធ្វើសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍន៍ និងរួមចំណែកដល់ប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ និងការរីកចម្រើនប្រកបដោយចីរភាពសម្រាប់ប្រជាជនកម្ពុជា។

ក្នុងនាមជាអ្នកសម្របសម្រួលរវាងសង្គមស៊ីវិល រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត អង្គការ គ.ស.ក នៅតែប្តេជ្ញាចិត្តក្នុងការពង្រីកសំឡេងរបស់សមាជិក និងសម្រួលដល់កិច្ចសហការក្នុងភាពជាដៃគូ។ អង្គការ គ.ស.ក ទន្ទឹងរង់ចាំបន្តកិច្ចសហការជាមួយលោកអ្នក ហើយសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នក។

យើងក៏ស្វាគមន៍យ៉ាងកក់ក្តៅចំពោះមតិយោបល់ណាមួយដែលអ្នកអាចមាន តាមរយះតំណភ្ជាប់នេះ

 
Event Calendar
02 Sep 2026, DNH CoP "From Principle to Practice"
03 Sep 2026, Finance Learning Forum
07 Sep 2026, HID Project Management Training
11 Sep 2026, National Workshop on Tax Compliance for Associations and Non-Governmental Organizations (NGOs) and Social Enterprises
22 Sep 2026, From Dialogue to Action: Advancing Gender Equality and Safe Workplaces to support Cambodia’s LDC Graduation