NA

គំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលសម្រាប់អង្គការសង្គមស៊ីវិល

អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) ជាអង្គការសមាជិកភាពឈានមុខគេក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩០មក អង្គការ គ.ស.ក បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ដែលនាំមកនូវសម្លេងរួមរបស់អង្គការសង្គមស៊ីវិល។

អង្គការ គ.ស.ក តំណាងឲ្យអត្ថប្រយោជន៍របស់អង្គការសង្គមស៊ីវិលជាច្រើនវិស័យ។ កិត្តិនាមរបស់អង្គការ គ.ស.ក ត្រូវបានទទួលស្គាល់តាមរយៈ គុណភាពនៃការគ្រប់គ្រងព័ត៌មាន  ការចែកចាយព័ត៌មាន និងការផ្តល់ជូននូវការអភិវឌ្ឍសមត្ថភាពដល់អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា។

បច្ចុប្បន្ន អង្គការ គ.ស.ក កំពុងជួបនូវបញ្ហាមិនមានអគារការិយាល័យផ្ទាល់ខ្លួនជាក់លាក់ និងពឹងផ្អែកទៅលើការផ្តល់មូលនិធិពីខាងក្រៅដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់ខ្លួន។ ដូច្ចេះអង្គការ គ.ស.ក មានគោលបំណងចង់បានអគារការិយាល័យផ្ទាល់ខ្លួនសម្រាប់អង្គការសង្គមស៊ីវិល ដើម្បីជួយលើកកម្ពស់ដល់សាមគ្គីភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធាន ក៍ដូចជាលើកកម្ពស់ដល់ការបង្កើតចំណូលតាមរយះធនធាន និងពីការប្រើប្រាស់មជ្ឈមណ្ឌលនេះក្នុងការសម្របសម្រួលដល់ការងាររបស់ខ្លួន។ គោលបំណងគឺដើម្បីកាត់បន្ថយការពឹងអាស្រ័យលើមូលនិធិពីខាងក្រៅ ដោយបង្កើនចំណូលរបស់ខ្លួន និងអាចបង្កើតជាមូលនិធិសម្រាប់អង្គការសង្គមស៊ីវិល។

និយាយជារួម  អង្គការ គ.ស.ក មានគម្រោងបង្កើតជាមជ្ឈមណ្ឌល/អគារសម្រាប់អង្គការសង្គមស៊ីវិលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពដោយ៖

  • សាងសង់មជ្ឈមណ្ឌល/អគារសម្រាប់អង្គការសង្គមស៊ីវិល ដោយមានអគារចំនួនបី មានតួនាទីផ្សេងៗគ្នា (ការិយាល័យធ្វើការ កន្លែងបម្រើមុខងារផ្សេងៗ និងជាកន្លែងផ្តល់សេវាកម្ម) នៅលើផ្ទៃដីទំហំ ៣ ហិចតា ដោយចំណាយថវិកាអស់ ៣.៥ លានដុល្លាអាមេរិក។
  • សាងសង់អគារនៅតាមតំបន់ផ្សេងៗទៀត។
  • បង្កើតក្រុម/គណៈកម្មការចំនួនបី ដើម្បីផ្តល់ជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវៈដល់អង្គការសមាជិក (ក្រុម/គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ  ផ្សព្វផ្សាយ និងលទ្ធកម្ម)។

គម្រូនៃការអភិវឌ្ឍជាសកលបានផ្លាស់ប្រែពីអ្វីៗ ដែលធ្លាប់ធ្វើតាមធម្មតា ទៅជាការអភិវឌ្ឍមួយដែលមានប្រសិទ្ធភាព និងនិរន្តរភាព។ ការអភិវឌ្ឍគឺជាផលជាក់ស្តែង ដែលមានទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ  ជាពិសេសសម្រាប់អ្នកក្រីក្រ ឬអ្នកដែលជួបការលំបាក ហើយភាគច្រើននៃពួកគាត់គឺជាស្ត្រី។ ការអភិវឌ្ឍមិនមែនគ្រាន់តែជាការផ្តល់នូវធនធានហិរញ្ញវត្ថុ និងបច្ចេកទេសដល់ប្រទេសក្រីក្រប៉ុណ្ណោះទេ។ ជាការពិតណាស់កិច្ចសហការអភិវឌ្ឍគួរមានគោលបំណង ដើម្បីលុបបំបាត់នូវមូលដ្ឋានគ្រឹះដែលស្ថិតនៅក្រោមការអភិវឌ្ឍ ដោយជម្រុញឲ្យមានឯករាជ្យភាពរបស់ខ្លួន ជាជាងការពឹងលើជំនួយបរទេស បច្ចេកវិទ្យា និងទីផ្សារខាងក្រៅ។

ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពតម្រូវឲ្យតួអង្គទាំងអស់គ្រប់គ្រង និងប្រើប្រាស់ទាំងធនធានហិរញ្ញវត្ថុ  ធនធានមនុស្ស និងធនធានជាលក្ខណៈសប្បុរសធម៌នានាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ អង្គការសង្គមស៊ីវិលបាននឹងកំពុងប្រើប្រាស់ធនធានទាំងនេះ ដើម្បីធ្វើយ៉ាងណាឲ្យមានអត្ថប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ឋក្រីក្រ ដែលជាអ្នកទទួលផល។ ទោះជាយ៉ាងណាក្តី នៅមានតម្រូវការដែលត្រូវពិនិត្យមើលវិធីប្រសើរជាងនេះ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធាន ដែលត្រូវរួមចំណែកពិតប្រាកដក្នុងការប្រើប្រាស់ជំនួយប្រកបដោយប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍ។

តាមរយៈរបាយការណ៍នៃការវាយតម្លៃមួយជាមួយបណ្តាអង្គការសមាជិករបស់ អង្គការ គ.ស.ក បានបង្ហាញថា ពួកគាត់បានចំណាយថវិកាយ៉ាងច្រើនក្នុងមួយឆ្នាំៗ ទៅលើចំណាយប្រតិបត្តិការ ហើយមួយផ្នែកធំគឺទៅលើការជួលការិយាល័យ សន្តិសុខ ទំនាក់ទំនង និងសម្ភារៈសម្រាប់កិច្ចប្រជុំ សិក្ខាសាលាជាដើម ។ល។

ប្រសិនបើអង្គការសង្គមស៊ីវិលអាចមានអគារធ្វើការរួមគ្នា  ពួកគាត់ចំណាយត្រឹមតែតម្លៃប្រតិបត្តិការសរុបក្នុងមួយឆ្នាំប៉ុណ្ណោះ ដើម្បីសាងសង់អគារការិយាល័យ និងមានសម្ភារៈសម្រាប់កិច្ចប្រជុំ សិក្ខាសាលាជាដើម។ អគារនេះនឹងមិនមែនត្រឹមតែសម្រាប់ជាអគារការិយាល័យធ្វើការ ឬអគារសម្រាប់កិច្ចប្រជុំ សិក្ខាសាលាប៉ុណ្ណោះទេ តែវាអាចត្រូវបានពង្រីកជាកន្លែងផ្តល់នូវការពង្រឹងសមត្ថភាព និងសិក្សារៀនសូត្រផងដែរ។ ក្រៅពីនេះវាអាចជាបណ្ណាល័យសម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍  ជាមជ្ឈមណ្ឌលថែទាំក្មេងតូចៗសម្រាប់បុគ្គលិក  ជាអាហារដ្ឋាន ដែលមានម្ហូបអាហារប្រកបដោយសុខភាព  ជាមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព និងជាកន្លែងដែលលើកកម្ពស់ដល់បរិស្ថានផងដែរ។ ជាពិសេសជាងនេះទៅទៀតនោះ អគារនេះនឹងជានិមិត្តរូបនៃសាមគ្គីភាព សន្តិភាពនិងសុខដុមនីយកម្ម  ជានិមិត្តរូបនៃការអភិវឌ្ឍដ៍រីកចម្រើន និងមានប្រសិទ្ធភាពប្រកបដោយចីរភាព ដែលអាចជាកេរ្តិ៍ដំណែលសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

Documents

EN CSF Leaflet

Downloads

KH CSF Leaflet

Downloads
Event Calendar
25 Apr 2019, Human Resource Management Learning Forum
08 May 2019, Bi-monthly meeting 256th
24 May 2019, ICT Learning Forum
21 Jun 2019, Monitoring and Evaluation Learning Forum